យោងតាមគេហទំព័រ Dailymail.co.uk ចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រជនជាតិអាហ្វ្រិកបានចេញសេចក្តីព្រមានថា ការបរិភោគសាច់ស្វា អាចបណ្តាលឲ្យកើតមានជម្ងឺម្យ៉ាងស្រដៀងទៅនឹងជម្ងឺអេដស៍ដ៏កាចសាហាវ។ អ្នកវិទ្យាសាស្រ្តបានបញ្ជាក់ឲ្យដឹងថា នៅភាគកណ្តាលនៃទ្វីបអាហ្វ្រិក ការទទួលទានសត្វស្វាអាចឈានទៅរកការរីករាលដាលនៃវីរុសហ៊ីវ (HIV) ប្រភេទថ្មី ដែលធ្វើឱ្យមនុស្សនៅទូទាំងពិភពលោកប្រឈមមុខនឹងវិបត្តិផ្នែកសុខភាព ដ៏អាក្រក់នៅក្នុងប្រវត្តិសាស្ត្រ ។
តាមការត្រួតពិនិត្យជាលើកដំបូងឃើញថា វីរុសនេះមានឈ្មោះថាសៃមៀនហ្វូមី (Simian Foamy)។ វីរុសនេះ មានលក្ខណៈស្រដៀងទៅនឹងវីរុសហ៊ីវ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅមិនទាន់ដឹងច្បាស់ពីការឆ្លងរបស់វី រុសនោះនៅឡើយនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយក៏មានការរំពឹងទុកថា ការប៉ះពាល់លើឈាម ទឹកមាត់ និងវត្ថុរាវផ្សេងៗទៀត ពីរាងកាយរបស់សត្វដែលឆ្លងវីរុសអាចជាប្រភពចម្លងដ៏សំខាន់ទៅដល់ មនុស្ស ហើយគេក៏បារម្ភផងដែរអំពីជម្ងឺនេះ ដែលវាអាចឆ្លងរីករាលដាលពីសត្វស្វាទៅមនុស្ស និងពីមនុស្សម្នាក់ទៅមនុស្សដូចវីរុសហ៊ីវយ៉ាងឆាប់រហ័សផងដែរ ។
នាយកមជ្ឈមណ្ឌលស្រាវជ្រាវប៉ាស្ទ័រក្នុងទីក្រុងយ៉ាអ៊ុន ដេ(Yaounde) លោកសាស្ត្រាចារ្យ Dominiqe Baudon នៃប្រទេសកាមេរូន បានឱ្យដឹងថា បច្ចុប្បន្នអ្នកវិទ្យាសាស្ត្រ កំពុងបារម្ភយ៉ាងខ្លាំងក្រោយពីមានរបាយការណ៍ថា ប្រជាជនស្លាប់ដ៏អាថ៌កំបាំងស្ទើរតែពេញភូមិ នៅក្នុងភូមិបាហ្គាកលីអុន(Bakalion) និងនៅទីជនបទរបស់ប្រទេសកាមេរូន ក្រោយពីមានមនុស្សយកខ្មោចស្វានៅកណ្តាលព្រៃមកទទួលទាន និងចែកជូនអ្នកស្រុក ។ ការទទួលទានសាច់ស្វានោះ បណ្តាលឱ្យមនុស្សស្លាប់ទាំងបុរសស្ត្រីព្រមទាំងក្មេងៗចំនួន២៥នាក់ ពោលគឺស្លាប់ស្ទើរតែទាំងអស់គ្នានៅពេលដែលពួកគេបានបរិភោគសាច់ សត្វស្វាទាំងនោះរួចមក។ ប៉ុន្តែមានស្ត្រីម្នាក់បានរួចរស់ជីវិតបន្ទាប់ពីគាត់បានបដិសេធ ការទទួលទានសាច់សត្វស្វាជាមួយអ្នកភូមិទាំងនោះ។
គួរបញ្ជាក់ផងដែរថា តាមទិន្នន័យរបស់អាជ្ញាធរកាមេរូនបានបញ្ជាក់ថា ជាមធ្យមមានស្វាប្រហែល៣.០០០ក្បាល ត្រូវសម្លាប់ដោយព្រានព្រៃក្នុងមួយឆ្នាំ។ ជាពិសេសនៅភាគខាងត្បូងប្រទេស ប្រហែល៨០% នៃសាច់សត្វដែលត្រូវបរិភោគនៅក្នុងប្រទេស ជាសាច់សត្វដែលទទួលបានពីការបរបាញ់នៅក្នុងព្រៃរួមទាំងសាច់ ស្វាផងដែរ។
គួររំឮកផងដែរថា កាលពីឆ្នាំ២០១០ មានមនុស្សចំនួន១.៨លាននាក់នៅលើពិភពលោកបានស្លាប់ដោយសារជម្ងឺ អេដស៍ហើយក្នុងនោះមានកុមារអាយុក្រោម១៥ឆ្នាំ ចំនួន២៥ម៉ឺននាក់បានស្លាប់បាត់បង់ជីវិតផងដែរ។ ហើយចាប់តាំងពីមានការរាតត្បាតជម្ងឺ និងមេរោគអេដស៍នៅទូទាំងពិភពលោកនាពេលកន្លងមករហូតមកដល់ពេល បច្ចប្បន្ន មានមនុស្សចំនួន៦០លាននាក់ហើយដែលបានឆ្លងមេរោគអេដស៍ និងមនុស្សចំនួន៣០លាននាក់បានស្លាប់បាត់បង់ជីវិត។ នេះបើយោងតាមគេហទំព័រ amfar.org។ រីឯអត្រានៃចំនួនអ្នកស្លាប់ដោយសារជម្ងឺអេដស៍នៅកម្ពុជានាឆ្នាំ ២០១១កន្លងទៅនេះវិញ មានចំនួនប្រមាណ ២៦០៨នាក់ ក្នុងនោះមនុស្សអាយុ១៥ឆ្នាំមានចំនួន២៤៨៤នាក់ និង១២៤នាក់ជាកុមារ។ នេះបើតាមអាជ្ញាធរអេដស៍ជាតិ ដែលហៅកាត់ថា NAA នៅកម្ពុជា។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២






