រោគសញ្ញនៃការគាំងបេះដូងដែលអាចកើតមានចំពោះបុរស
Posted by : 112220 | 04-Mar-2021
ជំងឺបេះដូងត្រូវបានគេចាត់ទុកជាប្រភេទជំងឺដ៏គ្រោះថ្នាក់មួយ ហើយអ្នកដែលងាយប្រឈមជាងគេ គឺអ្នកដែលលើសជាតិខ្លាញ់
មិនល្អក្នុងសរសៃឈាម អ្នកលើសទម្ងន់ដុះក្បាលពោះ និងអ្នកជំងឺលើសសម្ពាធឈាមជាដើម ។ ជាធម្មតា មនុស្សម្នាក់ៗមាន
រោគសញ្ញានៃជំងឺបេះដូង មិនដូចគ្នាទេ ដែលអ្នកខ្លះចាប់ផ្ដើមភ្លាមៗ ខណៈពេលអ្នកខ្លះទៀតអាចមានរោគសញ្ញាដែលយើងអាច
សង្ស័យដឹងមុខ ។ យោងតាមគេហទំព័រ www.webmd.com ជំងឺបេះដូងមានរោគសញ្ញាមួយចំនួនដែលកើតលើបុរស ហើយ
យើងអាចកត់សម្គាល់បាន ។
១. ឈឺទ្រូង៖ នេះជារោគសញ្ញាទូទៅនៃការគាំងបេះដូងដែលមានចំពោះបុរស និងស្រ្តី ដែលភាគច្រើនវាចាប់ផ្ដើមយឺតៗ ឬក៏
ភ្លាមៗតែម្ដងដែលអាចបង្កគ្រោះថ្នាក់អាយុជីវិត។
២. ឈឺ មានសម្ពាធ តឹងណែនត្រង់ទ្រូង៖ ឈឺមានលក្ខណៈខ្លាំង មានអារម្មណ៍ថាតឹងណែន ហើយភាគច្រើនវាកើតឡើងត្រង់
ផ្នែកខាងឆ្វេង ឬត្រង់ផ្នែកកណ្ដាលនៃទ្រូង ។
៣. ឈឺផ្នែកផ្សេងៗនៃរាងកាយ៖ ពេលខ្លះការឈឺចាប់ ឬអារម្មណ៍មិនសុខស្រួលអាចកើតឡើងនៅផ្នែកផ្សេងទៀតនៃរាងកាយ ព្រោះលំហូរឈាមដែលត្រូវចិញ្ចឹមរាងកាយមិនគ្រប់គ្រាន់ ។ ផ្នែកទាំងនេះរួមមាន តំបន់នៅខាងលើចង្កេះ រួមបញ្ចូលផ្នែកខាង
លើនៃក្រពះ ត្រង់ស្មា ដៃទាំងសងខាង(ភាគច្រើនដៃខាងឆ្វេង) ត្រង់ចង្កេះ ត្រង់ក ត្រង់ថ្គាម និងធ្មេញ ។
៤. សញ្ញាផ្សេងៗទៀត៖ ពិបាកដកដង្ហើម( អាចកើតឡើងជាមួយការឈឺទ្រូង ឬគ្មានការឈឺទ្រូងផងដែរ) ។ វាអាចកើតឡើងពេល
អ្នកគ្មានសកម្មភាព ឬពេលមានសកម្មភាព ដែលធ្វើឲ្យលោកអ្នកពិបាកដកដង្ហើម ។ អាចធ្វើឲ្យអស់កម្លាំងដោយគ្មានមូលហេតុ និងមានអារម្មណ៍រសាប់រសល់ផងដែរ ។
ត្រូវចាំថា ការគាំងបេះដូង អាចកើតឡើងដោយគ្មានរោគសញ្ញាអ្វីទាំងអស់ ជាពិសេសចំពោះមនុស្សចាស់ អ្នកជំងឺទឹកនោមផ្អែម និងអ្នកដែលលើសទម្ងន់ និងដុះខ្លាញ់ក្បាលពោះ ដើម្បីចៀសវាង ការគាំងបេះដូង លោកអ្នកត្រូវរក្សាតុល្យភាពទម្ងន់រាងកាយ គ្រប់គ្រងសម្ពាធឈាមប្រសិនបើមាន គ្រប់គ្រងជាតិស្ករក្នុងចរន្ដឈាម(អ្នកជំងឺទឹកនោមផ្អែម ) និងពិនិត្យសុខភាពជាប្រចាំ ៕
ប្រភព៖ healthy-cambodia.com
If you like, please click LIKE and SHARE!