សញ្ញាទាំង៨ ដែលបញ្ជាក់ថាអ្នក ជាម្តាយដ៏ល្អ ទោះអ្នកមានអារម្មណ៍ថាអ្នកមិនទាន់បំពេញតួនាទីបានគ្រប់គ្រាន់ក្តី
Posted by : 112220 | 13-Jan-2021
ការអប់រំ ចិញ្ចឹមបីបាច់ និងទូន្មានកូន ទោះបីវាជាតួនាទីរបស់ម្តាយឪពុកគ្រប់រូបក្តី តែតួនាទីបែបនេះតែងតែជាបន្ទុកធ្ងន់ទៅលើ
ម្តាយជាជាងលើឪពុក ព្រោះម្តាយជាអ្នកបង្កើតកូនដោយផ្ទាល់ និងមានពេលវេលាច្រើនក្នុងការមើលថែកូនៗដោយផ្ទាល់ដៃ។
យ៉ាងណាមិញ ដោយសារតែសង្គមផ្តោតទៅលើតួនាទីម្តាយទៅលើភារកិច្ចចិញ្ចឹមអប់រំកូនៗបែបនេះហើយ បានជាម្តាយគ្រប់
រូបតែងតែមានការបារម្ភ និងសង្ស័យថាខ្លាចខ្លួនមិនអាចបំពេញតួនាទីជាម្តាយដ៏ល្អម្នាក់គ្រប់គ្រាន់។
យ៉ាងណាមិញ ឈប់បន្ទោសខ្លួនឯថាមិនទាន់ល្អគ្រប់គ្រាន់ទៀតទៅ ប្រសិនជាអ្នកជាម្តាយដែលមាន ៨ចំណុចនេះ បាន
ន័យថាអ្នកគឺជាម្តាយដ៏ល្អរួចទៅហើយ ៖
១. អ្នកបន្ទោសខ្លួនឯង
នៅក្នុងមុខតួនាទីចិញ្ចឹមបីបាច់ និងអប់រំកូន ម្តាយពិតជាមានតួនាទីសំខាន់ខ្លាំងណាស់ ហេតុនេះប្រសិនជាអ្នកមានអារម្មណ៍
សង្ស័យខ្លួនឯង ឬបន្ទោសថាខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់ពេញលក្ខណៈ បានន័យថាអ្នកបាននឹងកំពុងតែបំពេញតួនាទី
ជាម្តាយបានល្អហើយ បានជាអ្នកតែងតែសង្ស័យខ្លាចខ្លួនធ្វើមិនទាន់បានល្អបែបនេះ។ ដូច្នេះទោះបីជាពេលនេះអ្នកអប់រំ និង
ចិញ្ចឹមកូនមិនទាន់ល្អឥតខ្ចោះ តែពេលនេះអ្នកក៏បានយល់ដឹងពីវិធីនៃការអប់រំទូន្មានផ្តល់ចំណេះជំនាញដល់កូន ពិសេសយល់
ថាអ្វីដែលខុស ឬត្រូវ ដើម្បីបង្រៀនកូនៗរបស់អ្នក។
២. អ្នកមានអារម្មណ៍ហត់នឿយ
ប្រសិនជារាល់ថ្ងៃនេះការមើលការខុសត្រូវកូនរបស់អ្នក ធ្វើឱ្យអ្នកមានអារម្មណ៍ថាហត់នឿយ និងមានអារម្មណ៍ធុញថប់ពេលខ្លះ វាមិនមែនបានន័យថាបំពេញតួនាទីជាម្តាយមិនបានល្អគ្រប់គ្រាន់នោះទេ។ ផ្ទុយទៅវិញ ភាពហត់នឿយរបស់អ្នកបានបង្ហាញថា អ្នកបានប្រឹងប្រែងទាំងកាយទាំងចិត្តក្នុងការអប់រំ និងចិញ្ចឹមបីបាច់កូនពេក រហូតធ្វើឱ្យរាងកាយមិនអាចទ្រទ្រង់រួច ហេតុនេះ
ហើយកាន់តែហត់ បានន័យថាអ្នកគឺជាម្តាយដ៏ល្អម្នាក់ហើយ។
៣. ធ្វើតាមមនសិការ និងវិចារណញ្ញាណខ្លួនឯង
ការអប់រំ និងការចិញ្ចឹមបីបាច់កូន មិនមែនត្រូវស្តាប់សម្តីអ្នកដទៃជុំវិញអ្នកពេកនោះទេ ព្រោះកូនគឺជាកូនអ្នក អ្នកប្រាកដជាយល់
ច្បាស់ពីកូនរបស់អ្នក។ ហេតុនេះហើយ ការមើលថែកូន និងចិញ្ចឹមបីបាច់កូន ប្រសិនជាអ្នកតែងតែធ្វើតាមមនសិការ និងវិចារ
ណញ្ញាណខ្លួនឯង ដឹងថាអ្វីធ្វើ ឬអ្វីមិនគួរធ្វើដោយមិនផ្តេកផ្តួលលើគំនិតអ្នកដទៃនោះ បានន័យថាអ្នកជាម្តាយដ៏ល្អមួយរូបហើយ។
៤. អ្នកតែងតែរៀនពីកូនៗរបស់អ្នក
តើអ្នកដឹងទេកូនៗរបស់អ្នកអាចជាគ្រូដ៏ល្អសម្រាប់អ្នក ព្រោះតែគំនិតក្មេងៗគឺជាគំនិតមិនទាន់ដឹងអី គឺជាគំនិតបរិសុទ្ធ និងជា
ក្រដាស ស មិនទាន់ប្រឡាក់ដាមនូវរ៉ាវផ្សេងៗនៅក្នុងជីវិត ដែលគំនិតក្មេងខ្ចីនេះអាចនឹងផ្តល់នូវរឿងរ៉ាវថ្មីៗប្លែកៗដែលអ្នកមិន
ធ្លាប់បានដឹងក៏មាន។ ដូច្នេះហើយប្រសិនជាអ្នកជាម្តាយចេះស្តាប់ និងវិភាគការរៀបរាប់របស់គំនិតកូនៗរបស់អ្នកដោយការ
ពិចារណា ដោយមិនប្រកាន់ថាខ្លួនជាមនុស្សធំ និងជាការយល់ដឹងជាងកូននោះ បានន័យថាអ្នកជាម្តាយដ៏ល្អហើយ។
៥. តែងតែប្រាកដចិត្តថាកូនរបស់អ្នកបានញ៉ាំឆ្អែតមុនអ្នក
ប្រសិនជាអ្នកតែងតែយកចិត្តទុកដាក់លើការញ៉ាំរបស់កូនៗអ្នក និងតែងតែឱ្យកូនៗរបស់អ្នកបានញ៉ាំអាហារមុន ឬឆ្អែតមុន
អ្នកនោះ បានន័យថាអ្នកជាម្តាយដ៏ល្អ និងមានទំនួលខុសត្រូវម្នាក់។ ទោះបីវាគ្រាន់តែជារឿងសាមញ្ញដែលម្តាយគ្រប់ៗរូបតែង
តែធ្វើ ហើយចាត់ទុកថាជារឿងធម្មតា តែចំណុចនេះបានបង្ហាញពីក្តីស្រលាញ់ធំធេងអស្ចារ្យរបស់ម្តាយគ្រប់ៗរូប។
៦. អ្នកមិនប្រៀបធៀបកូនអ្នក ទៅនឹងកូនអ្នកផ្សេង
ពិតណាស់ក្នុងសង្គមសព្វថ្ងៃម្តាយគ្រប់រូប តែងតែនិយាយប្រៀបធៀបកូនខ្លួនទៅនឹងកូនអ្នកដទៃ ដោយការប្រៀបធៀបខ្លះ
ជាបំណងល្អចង់ឱ្យកូនប៉ុណ្ណោះ។ តែម្តាយល្អ នឹងមិនប្រៀបធៀបកូនខ្លួនទៅអ្នកដទៃឡើយ ដោយម្តាយល្អតែងតែយល់ថាក្មេង
គ្រប់ៗរូបគឺមានអត្តចរិត និងផ្នត់គំនិតផ្សេងៗគ្នា សមត្ថភាពពីធម្មជាតិក៏មិនដូចគ្នាដែរ ជាពិសេសការអប់រំចិញ្ចឹមបីបាច់កូន ក៏ជា
ផ្នែកដ៏ធំមួយជះឥទ្ធិពលលើអត្តចរិត និងសមត្ថភាពកូនដែរ។ ដូច្នេះការប្រៀបធៀបថាកូនខ្លួនមិនល្អដូចកូនគេ វាមិនខុសអីពីបាន
ន័យថាអ្នកគ្មានសមត្ថភាពចិញ្ចឹមកូនទេឬ?
៧. អ្នកដាក់ពិន័យកូនតាមទោសកំហុសជាក់ស្តែង
ទោះបីជាអ្នកជាម្តាយស្រលាញ់កូនខ្លាំងប៉ុនណា អ្នកប្រាកដជាមិនអាចបិទភ្នែកធ្វើមើលមិនឃើញពីកំហុសរបស់កូនខ្លួនឡើយ។
ម្តាយល្អ ពេលឃើញកូនធ្វើខុស នឹងអប់រំទូន្មានប្រៀនប្រដៅកូន និងដាក់ពិន័យកូនតាមកំហុសជាក់ស្តែងដោយសមរម្យ មិនមែនជា
ការប្រើអំពើហិង្សាទេ។ ការចេះចេះពិន័យ និងឱ្យកូនរៀនទទួលស្គាល់ទោសកំហុស នឹងធ្វើឱ្យកូនអ្នកយល់ដឹងលែងហ៊ានសាង
កំហុស ថែមទាំងក្លាយជាក្មេងល្អទៀតផង។
៨. លួងលោម និងផ្តល់ក្តីស្រលាញ់ដល់កូន
មិនថាកូនរបស់អ្នកនៅតូច ឬធំពេញវ័យ ប្រសិនជាកូនត្រូវការក្តីស្រលាញ់ និងការឱបលួងលោមពីអ្នក អ្នកម្តាយល្អនឹងផ្តល់ក្តី
ស្រលាញ់តបទៅកូនវិញ។ ហេតុនេះហើយ អ្នកម្តាយល្អនឹងបំពេញតួនាទីជាម្តាយល្អ ចេះលើកទឹកចិត្ត ផ្តល់កម្លាំង និងផ្តល់ក្តី
ស្រលាញ់ដល់កូនជានិច្ចមិនថាកូនស្ថិតនៅវ័យប៉ុនណានោះឡើយ៕
ប្រភព៖ khmerload.com
If you like, please click LIKE and SHARE!