ការណែនាំអំពីការវត្តមាននៃ ​Instant Games

Posted by : 112220 | 26-Jun-2020

១.ព័ត៌មានទូទៅ

នាពេលថ្មីៗនេះការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) សង្កេតឃើញថា មានការប៉ៈពាល់ដល់សេចក្តីថ្លៃថ្នូរបស់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដែលបង្កឡើងពីការលេងហ្គេម (Instant Game) កំសាន្ត ដែលមានឈ្មោះដូចជា Jumpy Jumpy, Basketball FRVR, Bounce Bounce, Lyto Different Color, ជាដើម ។

២. តើអ្វីទៅជាប្រភេទហ្គេមកំសាន្តបែប Instant Game?

ក្រុមហ៊ុនហ្វេសប៊ុក បានបើកឱ្យមានមុខងារ Instant Game ដំបូងក្នុងឆ្នាំ ២០១៦ ដល់អ្នកអភិវឌ្ឍន៍កម្មវិធី (developers) ទាំងអស់អាចធ្វើការបង្កើតហ្គេមដែលងាយស្រួលលេងនៅលើទូរស័ព្ទ ដោយអាចដំណើការទាំងនៅលើ Facebook និង Messenger ដោយវាមានភាពងាយស្រួល មិនចាំបាច់ទាញយកហ្គេមពី Play Store របស់ Google ឬ App Store របស់ Apple នោះទេ ហើយអ្នកអភិវឌ្ឍន៍ហ្គេមអាចរកប្រាក់ចំណូលបានពីការផ្សព្វផ្សាយពាណិជ្ជកម្ម ឬការលក់របស់របរផ្សងៗនៅក្នុងហ្គេមនោះ។ គិតមកដល់សព្វថ្ងៃនេះ Instant Game របស់ក្រុមហ៊ុន Facebook គឺមានការពេញនិយមជាខ្លាំង។

៣. ផលប៉ៈពាល់ដែលបណ្តាលមកពីការលេងហ្គេមនោះ

តាមលក្ខណៈបច្ចេកទេស គឺ Instant Game ទាំងនោះបានទាញយកនូវរូបភាព (profile) នៃគណនីហ្វេសប៊ុករបស់អ្នកប្រើប្រាស់ដែលកំពុងតែមើលឃើញ មកដាក់តែប៉ុណ្ណោះ។  នេះដោយហេតុថា អ្នកដែលបានលេង ​Instant Game នេះបានធ្វើបានការចែកចាយ (share) បន្ទាប់ពីលេង Instant Game ទាំងនោះរួច។

បញ្ហាចោទនោះនៅត្រង់ថា ហ្គេមទាំងនោះ បានភ្ជាប់ជាមួយនូវពាក្យ​អសីលធម៌ ឬមិនសមរម្យ ដូចជា “អ្នកដែលមានរូបក្នុងនេះសុទ្ធតែជាប្រពន្ធខ្ញុំ ឬជំពាក់លុយគេឱ្យចេះសងផង…” ជាដើម។ ការបន្ថែមនូវពាក្យពេចន៍នេះ ធ្វើឱ្យមានការយល់ច្រលំពីអ្នកប្រើប្រាស់បណ្តាញសង្គមថា បុគ្គលដែលលេងហ្គេម នោះបានយករូបរបស់ពួកគេទៅដាក់ក្នុងហ្គេមនោះ ហើយភ្ជាប់ជាមួយពាក្យមិនសមរម្យដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរផ្សេងៗ។

ការលេងហ្គេម ​(Instant Game) ទាំងនោះ មិនអាចឈានទៅដល់ការលួចយកគណនីហ្វេសប៊ុក ឬលួចលុយក្នុងគណនីធនាគារនោះទេ។ ក្រុមហ៊ុនហ្វេសប៊ុកមានការយកចិត្តទុកដាក់ និងរឹតបណ្តឹងយ៉ាងខ្លាំងក្នុងការអនុញ្ញាតឱ្យ ​Game ឬ App ណាមួយអាចដំណើរការបាននៅក្នុងថ្នាលរបស់ខ្លួន។

៤. ដំណោះស្រាយ

ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ CamCERT នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សូមធ្វើការណែនាំអំពីបញ្ហានេះដូចខាងក្រោម៖

ក. បើសិនជាអ្នកបានច្រលំចុចលេងទៅលើ ​Instant Game ទាំងនោះ សូមធ្វើតាមវិធីសាស្រ្តខាងក្រោម ដើម្បីលុបវាចេញពីក្នុងគណនីរបស់អ្នក៖

១. ចំពោះទូរស័ព្ទស្មាតហ្វូន

  • សូមចូលទៅកាន់ Settings & Privacy >> ចុច Setting >> ចុច Instant Games
  • ចុចលើឈ្មោះ ​Instant Games ដែលយើងចង់លប់ចោល >> ចុចលើពាក្យ ​​Remove

២. ចំពោះកុំព្យូទ័រ

  • ចូលទៅកាន់ ​Settings >> Instant Games
  • ចុចលើឈ្មោះ ​Instant Games ដែលយើងចង់លប់ចោល >> ចុចលើពាក្យ ​​Remove

ខ. បើសិនជាអ្នកមិនបានលេង Instant Game ទាំងនោះទេ អ្នកអាចជ្រើសរើសយកវិធីសាស្រ្តរាយការណ៍ (report) ដើម្បីឱ្យក្រុមហ៊ុនហ្វេសប៊ុកពិនិត្យលទ្ធភាពធ្វើការបិទទៅលើ Instant Game ទាំងនោះ (ក្នុងករណីមានភាពមិនប្រក្រតី)៖

  • នៅផ្នែកខាងស្តាំ ចុចលើសញ្ញា “…”
  • ជ្រើសយក Find Support or Report Post
  • ចុចលើពាក្យ Spam
  • ចុចលើពាក្យ Next
  • ចុចលើពាក្យ Done

និយាយជារួម Instant Game ដូចដែលមានរៀបរាប់ខាងលើនេះ គឺមិនមានការលួចយកគណនីហ្វេសប៊ុករបស់អ្នកប្រើប្រាស់នោះទេ។ ក៏ប៉ុន្តែអ្នកប្រើប្រាស់ហ្វេសប៊ុក គួរតែមានការប្រុងប្រយ័ត្នផងដែរ ដោយសារតែ ​Instant Game មានច្រើនណាស់ ហើយយើងមិនដឹងអំពីប្រវត្តិ និងគោលបំណងរបស់អ្នកបង្កើតវាឡើងនោះទេ។

បើសិនជាក្រុមហ៊ុនហ្វេសប៊ុកមានការថ្លោះធ្លោយ ក្នុងការត្រួតពិនិត្យទៅលើ ​​Game ឬ ​App ហើយអ្នកបង្កើត Game ឬ App មានបំណងមិនល្អ នោះអ្នកប្រើប្រាស់អាចជួបនឹងហានិភ័យជាមិនខាន។

សុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញព័ត៌មានសង្គម គឺស្ថិតនៅក្នុងដៃរបស់លោកអ្នក។ សូមធ្វើការពិចារណា និងគិតឱ្យបានច្រើនដង មុននឹងចុច ឬចែករំលែកទៅលើអ្វីមួយ៕

ប្រភព៖ www.camcert.gov.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge