ការនិយម​បក​ ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែកស ប្រឈម​នឹង​ជំងឺមហារីក​ស្បែក​

Posted by : 10691 | 13-Mar-2018

ភ្នំពេញ: ​ការពេញនិយម​បកស្បែក​ឲ្យ​ស​ក្នុង​ស្រទាប់​យុវតី​ខ្មែរ បាន​កំពុង​រីកដុះដាល​ពី​ម្នាក់​ទៅ​ម្នាក់​ជា​រៀងរាល់ថ្ងៃ ព្រោះតែ​ចង់បង្ហាញ​ពី​សម្រស់​ស្រស់​ស្អាត​របស់ខ្លួន ដោយ​ពុំ​បាន​គិត​ដល់​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​នោះទេ​។ ទោះបីជា​យ៉ាងណា ទង្វើ​បែប​នេះ​បាន​កំពុង​ប្រឈម​នឹង​ជំងឺមហារីក​ស្បែក​យ៉ាង​ងាយ​បំផុត​។​

​យុវតី​ដែល​កំពុង​និយម​បក​ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែកស​នោះ បាន​ប្រាប់ ស៊ី​អ៊ី​អិន CEN ឲ្យដឹងថា​ការនិយមប​កឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​នោះ​ព្រោះតែ​ពួកគេ​ចង់​ស្អាត និង​មាន​សម្រស់​ទាក់ទាញ​ជាង​មុន​។ ប៉ុន្តែ​ពួកគេ​មិន​បាន​គិត​ដល់​បញ្ហា​សុខភាព ឬ​កើត​ជំងឺមហារីក​ស្បែក​នៅពេល​ក្រោយ​នោះ​ទេ​។​

​កញ្ញា វង្ស ចា​ន្នី អាយុ ២៣​ឆ្នាំ ជា​បុគ្គលិក​បម្រើការ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លង​នៅ​ទីក្រុង​ភ្នំពេញ បាន​ប្រាប់ថា កញ្ញា​គិតថា​ខ្លួន​សម្បុរ​ស​មិនសូវ​ស​ដូច​គេ ទើប​សម្រេចចិត្ត​បកស្បែក​ឲ្យ​ស​តែម្តង ដែល​ការ​បកស្បែក​ឲ្យ​ស​នេះ ចំនួន​ពីរ​លើក​មក​ហើយ​។​

​កញ្ញា​រូបនេះ បាន​និយាយថា “​បកស្បែក​ឲ្យ​ស​ហ្នឹង ពីរ​ដង​ហើយ ព្រោះ​តែ​ចង់​ស្អាត​ហើយ​កាលពីមុន​ខ្ញុំ​រាង​ខ្មៅ តែ​ឥឡូវ​បាន​ស្បែក​ស​ក៏​រាង​ទាក់ទាញ​ជាង​មុន​ដែរ​”​។​

​កញ្ញា​ដដែល​បាន​បន្តថា “​អត់​បាន​គិតថា​មាន​បញ្ហា​អី​ទេ ធ្វើ​ម៉េច​ឲ្យតែបាន​ស្អាត​សិន រឿង​អី​ផ្សេង​ចាំ​គិត​ថ្ងៃក្រោយ​”​។​

កញ្ញា ដា​លីកា អាយុ ២៥​ឆ្នាំ ជា​បុគ្គលិក​បម្រើការ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង​នៅតាម​បណ្តោយ​ផ្លូវ​១១០ បាន​ប្រាប់ឲ្យដឹង កញ្ញា ជិត​នឹង​រៀប​អាពាហ៍ពិពាហ៍​ក្នុងអំឡុងពេល​២​ខែ​ខាងមុខ​ទៀត ទើប​សម្រេចចិត្ត​បកស្បែក​ឲ្យ​ស ព្រោះថា​នៅពេល​តែង​ខ្លួន​ជា​កូនក្រមុំ​ងាយ​នឹង​លើក​សម្រស់​ផងដែរ​។​

​កញ្ញា មុខស្រស់​រូបនេះ បាន​និយាយថា “​លើកដំបូង​ហើយ​ដែល​ខ្ញុំ​បកស្បែក​ឲ្យ​ស​ហ្នឹង​។ មក​ពី​ខ្ញុំ​ជិត​រៀបការ​ផង ព្រោះ​ពេល​ស្បែក​ស​តែងខ្លួន​ឆាប់​សម ហើយ​លើក​សម្រស់​ទៀត ជា​ពិសេស​ពេល​ថត​ងាយ​ស៊ី​កាមេរ៉ា​ដែរ​”​។​

លោក វេជ្ជបណ្ឌិត ស្រេង រាសី ឯកទេស​ជំងឺ​សើ​ស្បែក មកពី​ប្រទេស​អាល្លឺម៉ង់ និយាយថា​
​អ្នក​ដែល​និយម​បក​ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែកស​នោះ អាច​បណ្តាលឲ្យ​កើត​ជំងឺមហារីក​ស្បែកផង​ដែរ​។ បើ​ពួកគេ​ចាប់ផ្តើម​ធ្វើកា​របកស្បែក បើសិន​ជា​ពួកគេ​មិន​បាន​ថែរក្សា​វា​ឲ្យបាន​ត្រឹមត្រូវ​នោះ ស្បែក​របស់​ពួកគេ​ងាយ​នឹង​រង​រលាក​ពី​ពន្លឺព្រះអាទិត្យ ព្រោះ​ស្បែក​នោះ​ខ្សោយ​ជាង​ស្បែក​ធម្មតា​។ ណាមួយ​ពន្លឺព្រះអាទិត្យ​មាន​កាំរស្មី UV ដែល​នាំឲ្យ​កើត​ជំងឺ​មហារីក​ស្បែក​បាន​។​

​គាត់​បាន​បន្ថែមថា ម្យ៉ាងវិញទៀត​ការ​បកស្បែក​នោះ មិនដឹងថា​ពួកគេ​ធ្វើតាម​បច្ចេកទេស​ត្រឹមត្រូវ​ដែរ​ទេ​? រីឯ​ការ​បកស្បែក​ខ្លះ​ល្អ និង​មាន​សុវត្ថិភាព​ដែរ នៅពេល​ណា​ពួកគេ​ថែរក្សា រួម​នឹង​ការពារ​វា​ឲ្យបាន​ត្រឹមត្រូវ វា​មិន​បង្ក​ឲ្យមាន​បញ្ហា​អ្វី​មួយ​នោះ​ទេ​។​

​លោក វេជ្ជបណ្ឌិត ស្រេង រាសី បាន​មានប្រសាសន៍ថា “​ដោយ​ថ្នាំ​ធ្វើឲ្យ​ស្បែក​នោះ​មាន​ច្រើន​ប្រភេទ ហេតុ​ដូច្នេះ​ធ្វើ​ឲ្យ​ពិបាក​នឹង​និយាយ​ណាស់​”​។​

​គាត់​បាន​បន្តថា “​មក​ដល់​ឥឡូវនេះ មាន​ថ្នាំ​បក ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែកស​ក្នុង​រយៈពេល​ខ្លី​នោះ​ដែល​បាន​ដាក់លក់​នៅតាម​ទីផ្សារ​ភាគច្រើន ដែល​មាន​លាយ​សារធាតុ​មួយចំនួន​គេ​មិន​បាន​ប្រាប់​យើង​ឲ្យដឹង ដែល​ក្នុងនោះ​អាច​មាន​លាយ​បា​រត និង​សារធាតុ​មួយចំនួន​ទៀត​ដែល​នាំឲ្យ​កើត​ជំងឺមហារីក​ស្បែក ព្រោះ​ថា​វា​ទាំងនោះ​បាន​ធ្វើឲ្យ​ស្បែក​បាត់បង់​ភាព​ការពារ​”​។​

​ជា​ចុងក្រោយ លោក វេជ្ជបណ្ឌិត ស្រេង រាសី បាន​មានប្រសាសន៍​យ៉ាងខ្លី​ថា “​រាល់​អ្នក​ដែល​និយម​បក ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែក​សអាច​ប្រឈមមុខ​ជាមួយ​នឹង​ជំងឺ​ហា​រីក​ស្បែក ច្រើន​ជាង​អ្នក​ដែល​អត់​បក​ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែកស​”៕

ប្រភពពីeveryday.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge