នេះជាហេតុផលដែលគេមិនសូវឃើញទូរសព្ទបង្កប់កាមេរ៉ា Selfie ក្នុងខ្លួន នៅឆ្នាំ ២០២០

Posted by : 111770 | 12-May-2020

ឆ្នាំ ២០១៩ គេ​ឃើញ​ថា​ការ​បង្កប់​កាមេរ៉ា Selfie ក្នុង​តួ​ខ្លួន​ហាក់​ជា​ទំនោរ​ពេញ​និយម​មួយ​ក្នុង​ការ​ផលិត​ស្មាតហ្វូន​មាន​អេក្រង់​លាត​សន្ធឹង​មិន​មាន​ក្បាល​ឆក ក្នុង​នោះ​មាន OPPO,​ OnePlus, Redmi និង vivo ជា​ដើម​ដែល​ប្រើ​ស្ទីល​បែប​នេះ។ ប៉ុន្តែ​នៅ​ឆ្នាំ ២០២០ ​ស្ទីល​បង្កប់​កាមេរ៉ា​នេះ​ហាក់​កម្រ​ឃើញ​ដូច​មុន ដោយ​គេ​ពេញ​និយម​ការ​ចោះ​រន្ធ​អេក្រង់​វិញ​ម្ដង។

នា​ពេល​នេះ​លោក Lu Weibing ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​នៅ Redmi បាន​ពន្យល់​ពី​ហេតុផល​ដែល​ស្ទីល​បង្កប់​កាមេរ៉ា​ក្នុង​តួ​ខ្លួន លែង​ទទួល​បាន​ការ​ពេញ​និយម ដោយ​ទំនង​ជា​មក​ពី​បញ្ហា​បច្ចេកទេស។ លោក​និយាយ​ថា ៖ "ចំនួន​គ្រឿង​បន្លាស់​នៃ​ទូរសព្ទ 5G បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ ដូច​ Redmi K30 Pro ជា​ឧទាហរណ៍​ស្រាប់​ ដែល​មាន​គ្រឿង​បន្លាស់​ដល់​ទៅ ៣៨៨៥ បំណែក ដែល​កើន​ឡើង​ ២៦៨% ធៀប​នឹង​ K20 Pro ជំនាន់​មុន។

ចំណែក​ការ​ឌីហ្សាញ​បង្កប់​កាមេរ៉ា Selfie ក្នុង​តួ​ម៉ាស៊ីន ធ្វើ​ឲ្យ​ការ​ឌីហ្សាញ Motherboard ជា​បញ្ហា​​ឈឺ​ក្បាល​មួយ ដោយ​គេ​ត្រូវ​បំបែក Motherboard ជា​ពីរ។ ការ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​​ការ​កាត់​បន្ថយ​កម្ដៅ​ជា​បញ្ហា​ធំ​មួយ។ ប៉ុន្តែ​ប្រសិន​បើ​ប្រើ​ការ​ឌីហ្សាញ​មាន Motherboard តែ​មួយ ការ​កាត់​បន្ថយ​កម្ដៅ​គឺ​ជា​រឿង​ងាយ។ ជា​ចុង​ក្រោយ​អ្នក​ចាត់​ការ​រូប​នេះ​និយាយ​ថា​ថាមពល​ថ្ម​ក៏​ជា​បញ្ហា​មួយ​ដែរ​សម្រាប់​ស្មាតហ្វូន​ 5G ដែល​ប្រើ​ស្ទីល​បង្កប់​​កាមេរ៉ា​នេះ។

មាន​​បញ្ហា​មួយ​ទៀត​ដែល​លោក Weibing មិន​បាន​លើក​ឡើង​ គឺ​ភាព​ធន់​នៃ​ស្មាតហ្វូន ដោយ​សារ​ស្ទីល​បង្កប់​កាមេរ៉ា​ជា​ទូទៅ​គឺ​ពិបាក​ក្នុង​ការ​ការពារ​វា​ពី​ទឹក និង​ធូលី​ដី​ជា​ដើម។ ហេតុ​នេះ​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​ខ្លាំង​ទេ​ ដែល​ក្រុមហ៊ុន​ទូរសព្ទ​ជា​ច្រើន​ស្រវា​ចាប់​យក​​ស្ទីល​ក្បាល​ឆក​ដំណក់​ទឹក និង​ការ​ចោះ​រន្ធ​លើ​អេក្រង់៕​​

ប្រភព: Sabay news Technology

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge