អត្ថប្រយោជន៍​អស្ចារ្យ​របស់ផ្កា​ខាត់ណា​​ ដែល​​អ្នក​​តិច​អត់​ដឹង​

Posted by : 10639 | 11-Jun-2019

ផ្កា​ខាត់ណា ជា​បន្លែ​មួយ​ប្រភេទ​ដែល​មាន​រសជាតិ​ឆ្ងាញ់​អាចយ​កមក​ធ្វើ​ម្ហូប​បាន​ច្រើន​មុខ​ហើយ​សម្បូរ​ណាស់​ក្នុង​ប្រទេស​កម្ពុជា​។​ទោះបីជា​ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​បន្លែ​នេះ ប៉ុន្តែ​ប្រហែល​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​របស់​វា​ចំពោះ​សុខភាព​ឡើយ​! ថា​តើ​ការ​ទទួលទាន​ផ្កា​ខាត់ណា​អាច​ផ្ដល​ផល​ល្អ​ៗ​យ៉ាងណា​ខ្លះទៅ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ឥទ្ធិពល​វិជ្ជមាន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៃ​ការ​ទទួលទាន​ផ្កា​ខាត់ណា​ចំពោះ​សុខភាព​ទប់ស្កាត់​ជំងឺ​ផ្សេង​ៗ ៖

១. បង្កើន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ ៖ នោះ​ក៏​ព្រោះតែ​ផ្កា​ខាត់ណា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​ដែល​គាំទ្រ​ដល់​មុខងារ​ប្រព័ន្ធ​រំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ​។ លើស​ពី​នេះ​ទៅ​ទៀត ផ្កា​ខាត់ណា​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ glucoraphanin ដែល​មាន​ប្រសិទ្ធិ​ភាព​ជួយ​ការពារ​ស្រទាប់​ក្រពះ​ពី​បញ្ហា​ផ្សេង​ៗ រួម​បញ្ចូល​ទាំង​ការ​រលាក​និង​ដំបៅ​ក្រពះ​ផង​ដែរ​។

២. បញ្ចុះ​សម្ពាធ​ឈាម ៖ លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​និង​ប្រឆាំង​ការ​រលាក​នៃ​សារធាតុ glucoraphanin និង sulforaphane នៅ​ក្នុង​ផ្កា​ខាត់ណា​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​ដោយសារ​អុកស៊ីតកម្ម ព្រមទាំង​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ វា​ក៏​ជួយ​បង្កើន​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​និង​បញ្ចុះ​សម្ពាធ​ឈាម​ផង​ដែរ​។​លើស​ពី​នេះ​ទៅ​ទៀត ជាតិ​ស​សៃ​និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ក្នុង​ផ្កា​ខាត់ណា​ក៏​អាច​ទប់ស្កាត់​បញ្ហា​ឡើង​រឹង​នៃ​ស​សៃ​ឈាម​គួរ​អោយ​កត់សម្គាល់​។

៣. ទប់ស្កាត់​ជំងឺមហារីក ៖ ផ្កា​ខាត់ណា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ sulforaphane ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំង​កោសិកា​មហារីក ព្រមទាំង​ពន្យឺត​និង​រារាំង​ការ​រីក​លូតលាស់​ដុំ​សាច់​។ លើស​ពី​នេះ​ទៅ​ទៀត ផ្កា​ខាត់ណា​ក៏​ជា​ប្រភព​នៃ​សារធាតុ​ដែល​ជួយ​កាត់​បន្ថយ​អ័រម៉ូន estrogens ហើយ​ជា​ធម្មតា​អ័រម៉ូន​នេះ​នឹង​បង្ក​ជា​ជំងឺមហារីក​ក្នុង​រាង​កាយ​នៅ​ពេល​កើន​ច្រើន​លើស​។ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា ផ្កា​ខាត់ណា គឺជា​ជម្រើស​នៃ​អាហារ​ដ៏​សាក​សម​បំផុត​សម្រាប់​ទប់ស្កាត់​ជំងឺមហារីក​សុដន់ មហារីក​ក្រពេញ​ប្រូ​ស្តា​ត និង​មហារីក​ស្បូន​។

៤. សុខភាព​ឆ្អឹង ៖ ផ្កា​ខាត់ណា​មាន​ផ្ទុក​វីតាមីន C ដែល​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ផលិត​កូ​ឡា​ជែ​ន​ជួយ​ការពារ​សន្លាក់​និង​ឆ្អឹង​ពី​ការ​រលាក​។ លើស​ពី​នេះ​ទៅ​ទៀត វា​ក៏​ជា​ប្រភព​នៃ​វិ​តា​មីន K ដែល​ដើរតួ​នាទី​ជួយ​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​បាត់បង់​ម៉ាស​នៃ​ឆ្អឹង​ចំពោះ​ទាំង​បុរស​និង​ស្ត្រី​។

៥. ពង្រឹង​សុខភាព​បេះដូង ៖ លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​នៃ​សារធាតុ sulforaphane ក្នុង​ផ្កា​ខាត់​ណា​អាច​ជួយ​ទប់ស្កាត់​ការ​ខូចខាត​នៃ​ស​សៃ​ឈាម​ដែល​បង្ក​មក​ពី​ការ​រលាក​ដោយសារ​តែ​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​រ៉ាំរ៉ៃ​។ ផ្កា​ខាត់ណា គឺ​ប្រសើរ​បំផុត​សម្រាប់​សុខភាព​បេះដូង​រឹង​មាំ​ជៀស​ផុត​ពី​បញ្ហា​ផ្សេង​ៗ រួម​ទាំង​ជំ​ងឹ​ស​សៃ ឈាម​បេះដូង ខណៈ​ដែល​វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​អាស៊ីត​ខ្លាញ់​ល្អ​និង​វីតាមីន​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ក្នុង​រាង​កាយ ព្រមទាំង​កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។

៦. បន្សាប​ជាតិពុល​ក្នុង​រាង​កាយ ៖ ផ្កា​ខាត់ណា ជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​ជាតិ​ស​សៃ​ដែល​ជួយ​កម្ចាត់​ជាតិពុល​ចេញពី​រាង​កាយ​តាម​រយៈ​បំពង់​រំលាយ​អាហារ​។ ផ្កា​ខាត់ណា​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជា​ពិសេស phytonutrients ដែល​ជួយ​ក្នុង​ដំណើរការ​បន្សាប​ជាតិពុល​នៃ​រាង​កាយ​ឲ្យ​កាន់តែ​មាន​លក្ខណៈ​សកម្ម​ប្រសើរ​ឡើង​គួរ​អោយ​កត់សម្គាល់​។ លើស​ពី​នេះ​ទៅ​ទៀត សារធាតុ thiocyanates និង glucosinolates នៃ​ផ្កា​ខាត់ណា​ក៏​ជួយ​បង្កើន​សមត្ថភាព​មុខងារ​របស់​ថ្លើម​ក្នុង​ការ​បន្សាប​សារធាតុពុល​ផ្សេង​ៗ​ដែល​បង្ក​ជំងឺមហារីក​ចេញពី​រាង​កាយ​ផង​ដែរ​។

៧. កាត់​បន្ថយ​ប្រតិកម្ម​អា​ឡែក​ស៊ី និង​ការ​រលាក​ក្នុង​រាង​កាយ ៖ ផ្កា​ខាត់ណា មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រលាក​ផ្សេង​ៗ​ក្នុង​រាង​កាយ​។ បន្លែ​នេះ​ជា​ជម្រើស​នៃ​អាហារ​ដ៏​ប្រសើរ​សម្រាប់​អ្នកជំងឺ​រលាក​សន្លាក់ ក៏​ព្រោះ​វា​មាន​ផ្ទុក​សារធាតុ sulforaphane ជួយ​ទប់ស្កាត់​អង់ស៊ីម​ដែល​បង្ក​ការ​រលាក​ដល់​សន្លាក់​។

ក្រៅ​ជំងឺ​រលាក​សន្លាក់​ហើយ​នោះ លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​នៃ​ផ្កា​ខាត់ណា​ក៏​ទប់ស្កាត់​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្សេង​ៗ​ដែល​បង្ក​ឡើង​ដោយសារ​ការ​រលាក​ក្នុង​រាង​កាយ ដូច​ជា​ជំងឺ​ធាត់​ជ្រុល និង​ជំងឺ​ទឹក​នោមផ្អែម​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត ផ្កា​ខាត់ណា​ក៏​ជា​ប្រភព​នៃ​សារធាតុ kaempferol ដែល​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​បណ្ដាល​មក​ពី​ប្រតិកម្ម​អា​ឡែក​ស៊ី​គួរ​អោយ​កត់សម្គាល់​។

៨. សុខភាព​ខួរក្បាល ៖ ផ្កា​ខាត់ណា ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ choline ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​​បំផុត​មួយ​ក្នុង​ការ​អភិវឌ្ឍ​ខួរក្បាល និង​រក្សា​ការ​ចង​ចាំ​។ ការ​ទទួលទាន​ផ្កា​ខាត់ណា​អាច​សូ​ម្បី​តែ​ទប់​ស្កាត់​បញ្ហា​ថយ​ចុះ​ការ​ចង​ចាំ​ទាក់ទង​នឹង​អាយុ​ទៀត​ផង ៕

ប្រភពៈ កោះសន្តិភាព

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge