វិធី​ដាំ​ពោត​យក​ស្នៀត ឬ​ក្ដឹប​

Posted by : 10639 | 01-Dec-2016

ទីផ្សារ​ក្នុង​ទីក្រុង​ភ្នំពេញ ត្រូវការ​ក្ដឹប​ពោត​ខ្ចី ឬ​ហៅ​ថា ស្នៀតពោត ច្រើន​តោន​ក្នុង​មួយ​ថ្ងៃៗ ដើម្បី​ធ្វើ​ជា​បន្លែ​ផ្សំ​ក្នុង​អាហារ។ ដោយសារ​មូលហេតុ​នេះ ធ្វើ​ឲ្យ​កសិករ​នៅ​ក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ដែល​ដាំ​ពោត​បច្ចុប្បន្ន ពង្រីក​ផ្ទៃដី​ដាំ​ពោត​យក​ស្នៀត​លក់ នៅ​តំបន់​ដី​ក្បែរ​មាត់​​ទន្លេ​មេគង្គ។


នៅ​ក្បែរ​មាត់ច្រាំង​ទន្លេ​មេគង្គ ក្នុង​ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល មាន​ចំការ​ពោត​ជាច្រើន​ដាំ​នៅ​លើ​ដី​វាល​រាប​ជា​ច្រើន​ហិកតារ មើល​ដាច់​កន្ទុយ​ភ្នែក។


ម្ចាស់​ចំការ​ពោត​នៅ​ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល លោក អន វ៉ាន់ណូ ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​តម្រូវការ​ស្នៀតពោត​នៅ​ទីផ្សារ​ក្នុង​ទីក្រុង​ភ្នំពេញ កាន់​តែ​ច្រើន​ឡើង​នោះ គាត់​ចាប់​​ផ្ដើម​ដាំ​ពោត​យក​ស្នៀត ឬ​ក្ដឹប​ពោត​ខ្ចី​លក់​វិញ។ លោក​ថា គាត់​លក់​ស្នៀតពោត គឺ​រហ័ស​ប្រមូល​ផល គាត់​ប្រើ​ដី​ដាំ​ដុះ ៤៥​ថ្ងៃ ទៅ ៥០​ថ្ងៃ អាច​កាប់​ដើម​ចាស់ ហើយ​យក​ដី​ដាំ​ជា​ថ្មី​ទៀត។


លោក​ថា ការ​ដាំ​ពោត​យក​​ស្នៀត​លក់​នេះ មិន​លំបាក​ថែទាំ និង​មិន​រើស​ពូជ​ដាំ​ទេ។ ស្នៀតពោត​ងាយ​លក់ ដឹក​ពី​កន្លែង​ដាំ​ទៅ​ផ្សារ​នៅ​ទីក្រុង​នៅ​ជិត រី​ឯ​តម្លៃ​លក់​ស្នៀតពោត ប្រហែល​នឹង​តម្លៃ​លក់​ផ្លែ​ពោត​ដែរ៖ «មួយ​ស្លឹក​ពេល​បុណ្យទាន មាន​ហាងឆេង អាច ៤ ទៅ ៥​ម៉ឺន (រៀល)។ មួយ​ស្លឹក ៥៥០​ស្នៀត។ មួយ​ស្លឹក​វា ១០​ផ្លូន មួយ​ផ្លូន ៥៥​ស្នៀត»។


លោក អន វ៉ាន់ណូ ឲ្យ​ដឹង​ថា ការ​ដាំ​ពោត​យក​ស្នៀត​លក់​នេះ មិន​ចាំបាច់​ទិញ​ពូជ​សុទ្ធ​យក​មក​ដាំ​ក៏​បាន។ យក​ពោត​កំពុង​ដាំ ទុក​ផ្លែ​ឲ្យ​ទុំ ធ្វើ​ពូជ​ដាំ​បន្ត​ទៀត។ បើ​ដាំ​ពោត​យក​ផ្លែ ចាំបាច់​ត្រូវ​ការ​ទិញ​គ្រាប់​ពូជ​ដែល​មាន​ផ្លែ​វែង គ្រាប់​ស្មើ​ល្អ​យក​ទៅ​ដាំ​ទើប​លក់​ដាច់។ បើ​លក់​ស្នៀតពោត គ្រាប់​ពូជ​តូច​ក្តី ធំ​ក្តី ដាំ​បាន​ទាំង​អស់។ អ្នក​ទិញ​គេ​ហូប តែ​ក្ដឹប​ពោត​ទេ៖ «ខ្ញុំ​ដាំ​ពោត​ហាវ៉ៃ នេះ​ខ្ញុំ​ដាំ​យក​ស្នៀត ព្រោះ​ស្រុក​នេះ​នៅ​ជិត​ទីផ្សារ។ បើ​នៅ​ភ្នំពេញ គេ​ត្រូវការ​ស្នៀត​ច្រើន បើ​យើង​ដាំ​យក​ផ្លែ បាន​តែ​អ្នក​គេ​នៅ​ទល់​ដែន ដូច​ឆ្ងាយ​ទីផ្សារ បើ​យើង​នៅ​នេះ​ជិត​ភ្នំពេញ ទីផ្សារ​នៅ​ជិត គ្រាន់តែ​ដាំ​ហើយ​គេ​មក​ទិញ​ដល់​កន្លែង​យើង ដោយ​មិនបាច់​ហត់​នឿយ​ប្រឡេះ​អី​យូរ។ បើ​យើង​ដាំ​យក​ផ្លែ វា​ត្រូវការ​ពេល​វេលា​យូរ អាច ៣​ខែ ទៅ ៣​ខែ​លើស​អី ទម្រាំ​យើង​បាន​ផល។ បើ​ដាំ​យក​ស្នៀត តែ ១​ខែ ២០​ថ្ងៃ បាន​កាច់​ហើយ»។


លោក អន វ៉ាន់ណូ បន្ត​ថា ដំណាំ​ពោត​ត្រូវ​ការ​ដី​មាន​ជីជាតិ​ដើម្បី​ដុះ​លូតលាស់។ ដាំ​ពោត​យក​ស្នៀត​លក់ ក៏​ដូច​ដាំ​ពោត​យក​ផ្លែ​លក់​ដែរ វា​ត្រូវការ​ដី​ល្បប់​មាត់​ទន្លេ ដែល​សំបូរ​ជីជាតិ មិន​មែន​ដី​កណ្ដេង និង​ដីខ្សាច់​ទេ។ លោក​អះអាង​ថា ក្រោយ​ពី​រើស​ដី​រួច ត្រូវ​ភ្ជួរ​ដី ហាល​ដី​៣ ទៅ ៤​ថ្ងៃ​ឲ្យ​ដី​ឆ្អិន​សិន។ បំបែក​ដី​ឲ្យ​ម៉ត់ ទើប​ឆូត​ជា​គន្លង​សម្រាប់​ដាំ។ គម្លាត​ពី​រង​មួយ​ទៅ​មួយ ចន្លោះ​ពី​កន្លះ​ម៉ែត្រ​ទៅ ៧​តឹក។ លោក​បន្ត​ថា ពោត​ដាំ​ត្រូវ​ក្នុង​គន្លង​មិន​ត្រូវ​ដាំ​ក្នុង​ពំនូក​ដី​ដែល​លើ​ជា​រង​នោះ​ ទេ។ ការ​ដាំ​គ្រាប់​ពូជ​ពោត​ក្នុង​គន្លង​នេះ​ឲ្យ​វា​ឆាប់​ដុះ ឯ​ដី​ពំនូក​រង​ទុក​កាយ​លុប​គល់​ដើម​ពោត​នៅ​ពេល​​វា​ដុះ​បាន​ខ្ពស់​បន្តិច។ ពោត​ដាំ​យក​ស្នៀត​លក់​អាច​ដាំ​ចង្អៀត​ដើម​ជាង​ដាំ​ពោត​យក​ផ្លែ គឺ​ក្នុង​មួយ​​រន្ធ​អាច​ដាក់​គ្រាប់​ពោត​ពូជ​បាន ៥​គ្រាប់ ទៅ ៧​គ្រាប់​ក្នុង​១​រណ្ដៅ។ ក្នុង​ដី​១​ហិកតារ ប្រើ​គ្រាប់​ពូជ​ពោត​ចន្លោះ​ពី ៣០ ទៅ ៣៥​គីឡូក្រាម។


លោក​ឲ្យ​ដឹង​ថា ពូជ​ពោត​ដែល​គាត់​ដាំ​នេះ គេ​ហៅ​ថា ពោត​ហាវ៉ៃ​មាន ២​ប្រភេទ គឺ​ពូជ​សក់​លឿង​ខ្ចី និង​ពូជ​សក់​ក្រហម៖ «អា ​នេះ​វា​មាន​ពូជ ២​ប្រភេទ មួយ​ហាវ៉ៃ​ដែរ​តែ​សក់​ស សក់​រាង​លឿងៗ ហ្នឹង​វា​គ្រាប់​ស្វិត​ទេ អា​ហ្នឹង​​ស្នៀត​អត់​សូវ​បាន​ផល​ទេ វា​ឲ្យ​ស្នៀត​តិច​ក្នុង​១​ដើម។ បើ​ខ្ញុំ​នៅ​ទី​នេះ​វា​បាន​ស្នៀត​២ ក្នុង ១​ដើម តែ​បើ​ហាវ៉ៃ​ក្រហម និង​អាច​ឲ្យ​ស្នៀត ៣ ទៅ ៤ ហើយ​សំខាន់​វា​អត់​សូវ​ត្រូវ​ការ​ទឹក។ ដូច​ថា បើ​យើង​ដាំ​ខែ​ប្រាំង​យើង​ដាក់​ទឹកតែ​ម្ដង​អី​ទេ រហូត​ដល់​ប្រមូល​ផល តែ​បើ​យើង​ស្នៀត​ហាវ៉ៃ​អា​ស្នៀត​កំពិត​នោះ ឬ​គ្រាប់​ស្វិត​នោះ យើង​អាច​បូម​ទឹក ២ ទៅ ៣​ដង​បាន យើង​បាន​ផល»។


លោក អន វ៉ាន់ណូ បញ្ជាក់​ថា ក្រោយ​ការ​ដាំ​គ្រាប់​ពូជ ១៥ ទៅ ២០​ថ្ងៃ ត្រូវ​បាញ់​ទឹក​តាម​រង​ដាំ​ពោត​កុំ​ឲ្យ​ដី​រង​ស្ងួត​ពេក ដើម​ពោត​ក៏​មិនសូវ​ថ្លោស ស្នៀត​ក៏​មិនសូវ​កាន់​ច្រើន​ដែរ៖ «ពោត​ដូចជា​ មិន​បញ្ហា​ទេ បើ​យើង​ដាក់​ទឹក​វា​ដិតដល់ ស្មៅ​ដុះ​អត់​ទាន់​ពោត​ទេ ពោត​វា​ដុះ​លឿន​ជាង​ស្មៅ ហើយ​ពោត​តែ​ត្រឹម​ជង្គង់​ទៅ ស្មៅ​ដុះ​លេង​ទាន់​ពោត​ហើយ»។


របៀប​រៀបចំ​ដី​និង​ជួល​រង៖

ឯកសារ​កសិកម្ម​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​ដាំ​ពោត​ថ្មី​របស់​លោក លីវ លាងហ៊ី អ្នក​ជំនាញ​ផ្នែក​ផ្ទេរ និង​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​នៃ​គម្រោង ធី.អេស.ធី.ឌី (TSTD) បាន​ណែនាំ​ពី​វិធី​រៀបចំ​ដី និង​ធ្វើ​រង។ ត្រូវ​ភ្ជួរ​ដី​ឲ្យ​ម៉ត់​ក្នុង​ជម្រៅ ១០ ទៅ ២០​ស.ម ហើយ​ហាល​ដី​ចន្លោះ​ពី ១០ ទៅ ១៥​ថ្ងៃ និង​រើស​ស្មៅ​​ពី​ដី​ដែល​ភ្ជួរ​នោះ​ឲ្យ​អស់។ លើក​រង​ដាំ​ពោត អាច​ដាំ​រង​ទោល​ក៏​បាន ដាំ​រង ២​ជួរ​ក៏​បាន។ រង​ដាំ ២​ជួរ ត្រូវ​លើក​ទទឹង​រង ១​ម៉ែត្រ បណ្ដោយ​រង​តាម​លទ្ធភាព​ដី។ កម្ពស់​រង បើ​ដាំ​នៅ​រដូវ​ប្រាំង​លើក​ពី ២០ ទៅ​៣០ ស.ម។ បើ​រង​ដាំ​ពោត​នៅ​រដូវវស្សា ត្រូវ​លើក​រង​កម្ពស់ ៣០​ស.ម ទៅ​កន្លះ​ម៉ែត្រ។ បន្ទាប់​មក​ដាក់​ជី​លាមក​សត្វ​ដែល​ពុក​ផុយ ឬ​ជីកំប៉ុស​ចំនួន ២​គីឡូក្រាម ដាក់​ក្នុង​ទំហំ​ដី ១​ម៉ែត្រការ៉េ រួច​កាយ​ដី​លុប​ពី​លើ​ជី និង​យក​ចំបើង​គ្រប​ពី​លើ​រង។


មុន​ដាំ​គ្រាប់​ពូជ​ពោត ត្រូវ​រើស​ពូជ​ដែល​ធន់​ទ្រាំ​នឹង​ទឹក​ដី​ក្នុង​តំបន់​ដែល​នឹង​ដាំ​គ្រាប់​ ពូជ​នោះ។ គ្រាប់​ពូជ​គួរ​រើស​ពូជ​ពោត​ដែល​សត្វ​ល្អិត​មិន​ស៊ី គ្មាន​ជំងឺ។ ពូជ​មាន​អត្រា​ដុះ ៨៥ ទៅ ៩០% ជា​គ្រាប់​ពូជ​ឲ្យ​ទិន្នផល​ខ្ពស់។ បន្ទាប់ពី​រើស​ពូជ​បាន​ហើយ អាច​ដាំ​ដោយ​គ្រាប់​ផ្ទាល់ ឬ​បណ្ដុះ​គ្រាប់​រឹតតែ​ប្រសើរ។ ដាំ​ក្នុង​១​រណ្ដៅ​​១​គ្រាប់ ចន្លោះ​ពី​គុម្ព​មួយ​ទៅ​មួយ ៣,៥​តឹក ឬ ៤,៥​តឹក។ កសិករ​គួរ​បណ្ដុះ​កូន ២០ ទៅ​៣០% នៃ​គ្រាប់​សរុប​សម្រាប់​បង្ការ​យក​ទៅ​ជួស​គ្រាប់​ពូជ​ណា​ដែល​​មិន​ដុះ ឬ​ងាប់​កូន​ពោត។


ការថែទាំ​ដោយ​ដាក់​ជី​បំប៉ន៖

មុន​ដាំ​ពោត​ត្រូវ​ដាក់​ជី​លាមក​សត្វ​ពុក​ផុយ ឬ​ជីកំប៉ុស​ចំនួន ២​គីឡូក្រាម​ក្នុង​ដី ១​ម៉ែត្រការ៉េ។ បន្ទាប់​ពី​ដាំ​បាន ១​អាទិត្យ ត្រូវ​ថែម​ជីអ៊ុយរ៉េ ចំនួន ១,៥​ក្រាម ក្នុង​១​គុម្ព។ ជី​គីមី​នោះ ត្រូវ​ដាក់​ចម្ងាយ ១​តឹក​ពី​គុម្ព​ពោត។ ដាំ​គ្រាប់​ពោត​បាន ៣០​ថ្ងៃ ត្រូវ​ថែម​ជី ២០ ២០ ១៥​ទម្ងន់ ៥​ក្រាម ក្នុង​១​គុម្ព ដាក់​ជី​ចម្ងាយ ២​តឹក​ពី​គុម្ព​ពោត។ ដាំ​បាន ៥០​ថ្ងៃ ត្រូវ​ថែម​ជី​ដដែល​ទម្ងន់ ១០​ក្រាម​ក្នុង ១​គុម្ព ដាក់​ជី​នោះ​ចន្លោះ ២​តឹក​ទៅ ២,៥​តឹក ពី​គល់​ពោត។ នៅ​ក្នុង​ចន្លោះ​ពេល​ដាក់​ជី​​ចាំបាច់​ត្រូវ​បាញ់​ទឹក​បំប៉ន​ដើម ក្រោយ​ពី​ដាំ​ពោត​បាន​កន្លះ​ខែ និង​ក្រោយ​ពី​ដើម​ពោត​ដុះ​បាន​ជាង ១​ខែ។


កសិករ អន វ៉ាន់ណូ ឲ្យ​ដឹង​ថា ដាំ​ពោត​យក​ស្នៀត​លក់​មិន​លំបាក​ថែទាំ​ទេ ហើយ​ជី​ក៏​គាត់​មិន​ដាក់​តាម​គុម្ព​ពោត​ដែរ ព្រោះ​ដី​ដែល​គាត់​ដាំ​នោះ មាន​ជីជាតិ​ស្រាប់។ ប៉ុន្តែ​ពោត​ត្រូវ​បាញ់​ទឹក​ទៅ​ក្នុង​រង​នៅ​ពេល​ដី​ស្ងួត​ខ្លាំង ហើយ​ត្រូវ​លើក​រង​ឲ្យ​ខ្ពស់ បើ​ដាំ​នៅ​រដូវ​វស្សា។ លោក​ឲ្យ​ដឹង​ថា គ្រាប់​ពូជ​ហាវ៉ៃ ដែល​គាត់​ដាំ​នេះ ជា​ពូជ​ពោត​មិន​ប្រកាន់​រដូវ​ទេ អាច​ដាំ​បាន​គ្រប់​រដូវ​ទាំង​អស់៕

ប្រភព www.rfa.org

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge